កាលបរិច្ឆេទ: ០៣ តុលា ២០២២ / ម្ហូបអាហារ
ជំនួសមុខឲ្យលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស អ្នកស្រីទ្រី មុយគា បានធ្វើបទបង្ហាញពីសហគ្រាសផលិតឱសថប៉េប៉េអឹម និងទទួលបានចំណាប់អារម្មណ៍ពីសំណាក់គណៈមេប្រយោគក្នុងវគ្គជ្រើសរើសតំណាក់កាលដំបូងសម្រាប់ចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ព្រោះសហគ្រាសយើងត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ។
មុននឹងលម្អិតពីដំណាក់កាលចម្បងៗនៃការអភិវឌ្ឍន៍សហគ្រាសទាំងនៅថ្នាក់ជាតិក៏ដូចជាលើឆាកអន្តរជាតិនោះ អ្នកស្រីទ្រី មុយគា បានពន្យល់ថា ការបង្កើតសហគ្រាសនេះឡើងកាលពីឆ្នាំ១៩៩៦ គឺដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងតម្រូវការស្តារឡើងវិញនូវវិស័យឧស្សាហកម្មឱសថនៅកម្ពុជាដែលទទួលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមអូសបន្លាយជាច្រើនឆ្នាំ ដើម្បីឲ្យប្រជាជនខ្មែរទូទៅមិនថាអ្នកក្រ អាចទទួលបានថ្នាំព្យាបាលដែលមានគុណភាព។
អ្នកស្រីបានរម្លឹកប្រាប់គណៈមេប្រយោគថា សម័យនោះ ទីផ្សារក្នុងស្រុកសម្បូរថ្នាំនាំចូលពីក្រៅប្រទេសដែលភាគច្រើនជាថ្នាំក្លែងក្លាយ ឬបើមិនអ៊ីចឹងទេគឺថ្នាំដែលមានតម្លៃខ្ពស់ខ្លាំងសម្រាប់មនុស្សភាគច្រើន។ ឈានមុខគេនៅលើទីផ្សារក្នុងស្រុក ជាមួយនឹងបទពិសោធច្រើន និងមានចំណេះធ្វើដែលសម្របតាមប្រទេសកំពុងអភិវឌ្ឍន៍ សហគ្រាសផលិតឱសថប៉េប៉េអឹមនាំចេញផលិតផលរបស់ខ្លួនទៅបណ្តាប្រទេសប្រមាណជាង២០ប្រទេសនៅទ្វីបអាស៊ី និងទ្វីបអាហ្រ្វិក។
ពានរង្វាន់សហគ្រិនថ្នាក់ជាតិត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនរានុវត្តន៍ ហើយនៅវគ្គដំបូង មានបេក្ខជនចូលរួមសរុបទាំងអស់ប្រមាណ២០០សហគ្រាសដែលមានសកម្មភាពទាក់ទិននឹងវិស័យចំនួនបួនគឺ វិស័យកសិកម្ម ការផលិតជាលក្ខណៈឧស្សាហកម្ម និងសិប្បកម្ម វិស័យបច្ចេកវិទ្យាថ្មី និងព័ត៌មានវិទ្យា និងវិស័យទេសចរណ៍។
ក្រៅពីផ្តល់តម្លៃដល់ថ្នាក់ដឹកនាំសហគ្រាសដែលមានសមត្ថភាព និងមានថាមពលហើយ ពានរង្វាន់សហគ្រិនមានបំណងបំផុសស្មារតីសាធារណជនឲ្យយល់ដឹងពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យមនៅក្នុងសេដ្ឋកិច្ចជាតិ និងមានបំណងអភិវឌ្ឍភាពជាដៃគូរវាងសហគ្រាសរដ្ឋ និងឯកជន ក្នុងស្មារតីទំនួលខុសត្រូវសង្គម និងជំរុញលើកទឹកចិត្តគម្រោងដែលផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក។ គួររម្លឹកផងដែរថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុនខនហ្វីរេលដែលបង្កើតឡើងដោយលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ដែរនោះ បានទទួលពានរង្វាន់សហគ្រិនថ្នាក់ជាតិលេខ១សម្រាប់វិស័យកសិកម្ម៕